
កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានជនដៃដល់យកកាំបិតផ្គាក់កាប់ទៅលើស្រ្តីរងគ្រោះខាងលើជាច្រើនកាំបិត ករណីខាងលើកើតឡើងនៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។ ចំណែកជនដៃដល់ខាងលើមានអាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ រស់ សាម៉ៃ អាយុ៦៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ សឿន សត អាយុ២៣ឆ្នាំ បានយកកាំបិតផ្គាក់ទៅកាប់ជនរងគ្រោះក្នុងពេលដែលស្រ្តីអង្គុយ។ ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យខាងលើយកកាំបិតទៅកាប់ចំនួនបួនកាំបិត ត្រង់ក្បាលនៅផ្នែកខាងឆ្វេងមួយកាំបិត ដៃឆ្វេងមួយកាំបិត ដៃស្តាំមួយកាំបិត នឹងជើងមួយកាំបិតបណ្តាលឲ្យស្ត្រីរងគ្រោះស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយ នឹងបណ្តាលឲ្យជនសង្ស័យខាងលើរបួសធ្ងន់ រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។ជនសង្ស័យខាងលើបានស្លាប់បន្ទាប់ពីបញ្ចួនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានបន្តបន្ថែមទៀតថាករណីខាងលើកើតឡើងដោយសារជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន៕