
ស្វាយរៀង ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿង ដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី យប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២ នៅលើផ្លូវ៣១៤ដេ ស្ថិតនៅក្នុងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-0425 ធ្វើដំណើពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ចតស្ងៀម ម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-5709 អូសសណ្តោងរុឺក ពាក់ស្លាកលេខ ភ្នំពេញ 4A-1176 របស់ក្រុមហ៊ុន តេង ឡាយ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ ។
ជនរងគ្រោះខាងលើមានឈ្មោះ កុយ វ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បន្ទាប់ពីកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕