
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំយ៉ាងហើយក្នុងល្បឿនលឿនផងនោះ បានបុកជាមួយរថយន្តបែនដឹកដីពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបររងរបួសសន្លប់ស្តូកស្តឹង ចំណែករថយន្តខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១១ៈ៥០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម្ចាស់រថយន្តទើបនឹងចេញពីកម្មវិធីជួបជុំនៅផ្ទះបងប្អូនក្បែរកន្លែងកើតហេតុនោះ នៅពេលផឹកស្រវឹងជោគជាំក៏ចេញទៅផ្ទះមុន ដោយបើករថយន្តម៉ាកកាមរីហាយប្រីដស៍ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-4293 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។
លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែបានទៅបុកផ្ទប់ពីក្រោយរថយន្តបែនដឹកដីមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបររថយន្ដខាងលើរងរបួសសន្លប់ស្តូកស្តឹងនៅក្នុងរថយន្ត ។
ក្រោយកើតហេតុ ម្ចាស់រថយន្ត ត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្ដសង្គ្រោះគ្លីនិកសម្ភពពន្លឺ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបររថយន្តបែនដឹកដីបានបន្តដំណើរបើកគេចខ្លួនបាត់ រីឯរថយន្តដែលខូចខាត ត្រូវបានសាច់ញាតិហៅរថយន្ដស្ទូចមកស្តួយកទៅជួសជុលដោយខ្លួន៕



