
បាត់ដំបង៖ មានមនុស្សចាស់ក្មេងយ៉ាងហោចណាស់៥០នាក់ ក្រោយពីបានពុលបន្លែឆៅដែលហូបជាមួយបាញ់ហយ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ករណីនេះកើតឡើងក្នុងកម្មវិធីបុណ្យមួយកន្លែងដែលធ្វើនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ប្រភពពីលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការស្រុកគាស់ក្រឡ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា ករណីខាងលើនេះសមត្ថកិច្ចដាក់ការសង្ស័យថា អាចពុលបន្លែឆៅដែលពួកគាត់បានហូបជាមួយបាញ់ហយ ដែលស្ថិតក្នុងកម្មវិធីបុណ្យមួយកន្លែងដែលបានធ្វើឡើងនៅវត្តសំរោងលើម្ចាស់កម្មវិធីមាន ឈ្មោះ ជា សារឿន អាយុ៦៦ឆ្នាំ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ។
មនុស្សទាំង៥២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំនួន២០នាក់ ដែលបានទទួលទានបាញ់ហយ ជាមួយបន្លែឆៅ ហើយពុលជាបន្ដបន្ទាប់ ។ បើតាមសម្តីរបស់លោកអធិការ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។
យ៉ាងណាមិញ ក្រោយទទួលបានការសង្គ្រោះពលរដ្ឋមួយចំនួនធូរស្រាលឡើងវិញ ហើយត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញធម្មតា៕