
ភ្នំពេញ ៖ ក្រោយពីបង្ហាញនូវការឈឺចាប់ក្នុងបណ្ដាញសង្គមពីអំពើអយុត្តិធម៌ដែលកំពុងកើតមានចំពោះខ្លួននោះ លោក ឃុំ ប៊ុណ្ណាដែត ដែលជាអតីតតារាចម្រៀង និងភរិយារបស់លោក គឺអ្នកនាង យក់ ថិតរដ្ឋា នៅមិនទាន់បញ្ចេញរឿងរ៉ាវលម្អិតនៅឡើយទេ គ្រាន់តែដឹងថារឿងនោះគឺពិតជាធ្ងនធ្ងរ ដែលតម្រូវឲ្យប្ដីប្រពន្ធនេះ ប្រកាសតតាំងរកយុត្តិធម៌សម្រាប់ខ្លួន ។
នៅពេលដែលមានគេសួរអំពីរឿងរ៉ាវ លោក ឃុំ ប៊ុណ្ណាដែត បានប្រាប់ថា (ចាំមើលមានឱកាសខ្ញុំនឹងជម្រាប ឥឡូវនេះ ខ្ញុំសុំរក្សាភាពស្ងៀមស្ងាត់ ដោយសារយើងអត់ទាន់ចង់និយាយអីច្រើន ព្រោះខ្ញុំកំពុងវ៉ល់អ៊ីចឹង)។
ដោយឡែក អ្នកនាង យក់ ថិតរដ្ឋា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហោះសារជាច្រើនសម្តែងនូវការឈឺចាប់ចំពោះការរងនូវភាពអយុត្តិធម៌ណាមួយ រហូតអ្នកនាងប្រកាសខ្លាំងៗថា នាងនឹងតស៊ូតតាំងឱ្យដល់ទីបញ្ចប់ជាមួយមនុស្សម្នាក់ តែអ្នកនាងមិនបានបញ្ចេញអត្តសញ្ញាណអ្នកដែលអ្នកនាងកំពុងតតាំងជាមួយនោះទេ ។
អ្នកនាង យក់ ថិតរដ្ឋាបានបង្ហោះថា (ខ្ញុំដឹងថា ខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯង ដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូអោយដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់ មាសសុទ្ធ គឺមិនខ្លាចភ្លើង អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរួចទេ បាបកម្មមានពិត)។
ហើយ លោក ឃុំ ប៊ុណ្ណាដែត បានបង្ហោះលើកទឹកចិត្តភរិយាឱ្យតស៊ូទៅមុខផងដែរ ។