
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងដែលមានស្លាកលេខ កំពង់ចាម 1Z- 9400 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅ ពីកើតទៅលិច បំណងទៅផ្ទះនៅឈូកវ៉ា១ ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូស្គុបពីមួយគ្រឿងដែលមានស្លាកលេខ ភ្នំពេញ 1IK- 5178 បើកឆ្លងផ្លូវពីជើងទៅត្បូងចេញពីកន្លែងធ្វើការដល់ពាក់កណ្ដាលទ្រូងផ្លូវ ក៏ត្រូវបានម៉ូតូឌ្រីមសង់ បុកចំពាក់កណ្ដាលម៉ូតូតែម្ដង បណ្ដាលឱ្យបុរសដែលជាអ្នកបើកបរម៉ូតូស្គុបពី ដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនតែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏ត្រូវបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែកម្ចាស់ម៉ូតូឌ្រីមសង់រងរបួសធ្ងន់ដូចគ្នាត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងដើម្បីធ្វើការវាស់វែងហ្នឹងបានយកម៉ូតូទាំងពីមករក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។
ដោយ បូលីន