
កំពង់ស្ពឺ ៖ បុរសម្នាក់ជិះម៉ូតូបុកគ្នាជាមួយរថយន្តមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦:៤៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិ ញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពីសម្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ទឹម ម៉ាប់ អាយុ២៩ឆ្នាំ រស់នៅភូមិគិរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាដ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១S-១៩៣៣ បើកបរពីទិសខាងកើតទៅលិច ។ លុះពេលមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែបានទៅបុកជាមួយរថយន្ដមួយគ្រឿង ម៉ាកនីសាន់ ពណ៌កាប់ស្តាំង ពាក់ផ្លាកលេខភ្នំពេញ ៣A-៦១៤៧ បើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ ចំណែកឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបិណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕