
កំពង់ធំ ៖ ក្មេងស្រីកំសត់ម្នាក់ដែលជាមនុស្សពិការភ្នែកម្ខាង និងពិការជើងម្នាក់ ត្រូវបានបុរសម្នាក់ល្បួងយកមករឹតកសម្លាប់ ហើយច្រក់ចូលក្នុងការ៉ុង ចងមាត់ជិត រួចយកទៅបោះចោលចូលក្នុងទឹកស្ទឹង ព្រោះតែខឹងនឹងម្តាយក្មេងស្រីរងគ្រោះនិយាយដើមខ្លួន។
ហេតុការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅអន្លង់ក្អាន ក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្មេងស្រីរងគ្រោះមានឈ្មោះ សារីន សុភ័ត្រា អាយុ១៤ឆ្នាំ ជាកំសត់ម្នាក់ដែរពិការភ្នែកម្ខាង និងពិការជើង រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយត្រូវបានសមត្ថកិច្ច និងសាច់ញាតិដើរស្វែងរកអស់រយ:ពេល២យប់៣ថ្ងៃ ទើបរកឃើញនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ នៅចំណុចអន្លង់ក្អាន ស្ថិតនៅក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុនខាងលើនេះ យោងតាមព័ត៌មានដែលកម្លាំងជំនាញទទួលបាន គឺប្រព្រឹត្តឡើងដោយជនសង្ស័យមានឈ្មោះ បួន យ៉ិក ភេទប្រុស អាយុ២៦ឆ្នាំរស់នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែឧសភា ជនសង្ស័យបានធ្វើសកម្មភាពល្បួងជិះម៉ូតូឌុបក្មេងស្រីរងគ្រោះយកមករឹតកជាមួយនឹងអាវ បណ្តាលឲ្យនាងដាច់ខ្យល់ស្លា.ប់ ហើយក៏ចាប់ញាត់ច្រកចូលក្នុងបេការ៉ុង ពណ៌ស រូបត្រី ដោយចងមាត់ការ៉ុងជិត ហើយក៏យកមកបោះចោលចូលទៅក្នុងទឹកស្ទឹង ដែលមានចម្ងាយប្រហែលជា១០០ម៉ែត្រពីស្ពាន ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យរូបនេះក៏បានជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ រួចវិលត្រឡប់ទៅផ្ទះវិញបាត់ទៅ ។
ប្រភពដដែលបន្តទៀតថា លុះដល់រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅពេលដែលសមត្ថកិច្ចជំនាញបានទទួលព័ត៌មានថា មានគេបានឃើញជនសង្ស័យឌុបជនរងគ្រោះចេញពីភូមិនោះ សមត្ថកិច្ចក៏បានស្រាវជ្រាវភ្លាមៗ ហើយបានឃាតខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ ហើយជនសង្ស័យមានឈ្មោះ បួន យ៉ិក បានឆ្លើយសារភាពថា ខ្លួនពិតជាបានឌុបជនរងគ្រោះឈ្មោះ សារីន សុភ័ត្រា យកមករឹតកសម្លាប់ រួចច្រកចូលការ៉ុង ពណ៌ស រូបត្រី ចងមាត់ ហើយបោះចូលក្នុងទឹកស្ទឹងពិតប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បុរសជាឃាតករម្នាក់នេះ ទើបតែចេញពីពន្ធនាគារបានរយ:ពេលតែ៣ថ្ងៃប៉ុណ្ណោះ ដោយជាប់ទោសពីបទ(រំលោភសេពសន្ទវ:) ហើយឥឡូវនេះត្រូវចូលពន្ធនាគារវិញម្តងទៀតហើយ ពីបទ (ឃាតកម្មគិតទុកជាមុន)ដោយសារតែជនសង្ស័យខឹងជាមួយនឹងម្តាយក្មេងស្រីរងគ្រោះដែលបានដើរនិយាយដើមគេថា (ជាពូជដើរចាប់រំលោភគេ) ទើបមានគំនុំ ក៏ល្បួងក្មេងស្រីរងគ្រោះឲ្យឡើងជិះម៉ូតូ លុះដល់ចំណុចកើតហេតុ ក៏ធ្វើសកម្មភាពរឹតក ហើយច្រកនឹងការ៉ុង បោះចូលក្នុងទឹកស្ទឹង ដើម្បីបំបាត់ភស្តុតាងតែម្តង។
បន្ទាប់ពីកើតហេតុ និងស្តាប់ចម្លើយសារភាពរួច សម្ថកិច្ចជំនាញកំពុងតែចងក្រងសំណុំ ដើម្បីអនុវត្តនីតិវិធីច្បាប់ ចំណែកសាកសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕