
ភ្នំពេញ ៖ បុរសម្នាក់បាន ចាញ់ល្បិចមិត្តភក្ដិរបស់ខ្លួនដែលបានលួងលោមនាំទៅផឹកស៊ី ក៏បន្លំដាក់ថ្នាំសណ្តំក្នុងស្រា ធ្វើឲ្យជនរងគ្រោះសន្លប់ រូចក៏ធ្វើសកម្មភាពដោះយកខ្សែក ប្លាកដៃ កាបូបលុយ ទូរស័ព្ទដៃ ម៉ូតូហុងដាឌ្រីម មួយគ្រឿងសេរី២០២១ នៅម្តុំផ្សារកន្ទួត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចក៏បានឌុបជនរង់គ្រោះទៅទម្លាក់ចោល នៅចិញ្ចើមផ្លូវ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅលើចិញ្ចើមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សៀប ប៉ោត ភេទប្រុស អាយុ៥៨ឆ្នាំ មានមុខរបរ ជាអ្នកបើកបររថយន្តរដ្ឋាករស្វយ័តក្រុងភ្នំពេញ ខ្សែទី៣ បុរីសន្តិភាព២-ឫស្សីកែវ ជាពោះម៉ាយម្នាក់ដែល ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាធានីភ្នំពេញ ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីគាត់ចេញពីធ្វើការនៅល្ថាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក៏បានបើករថយន្តចូលទុកចំណតនៅបុរីសន្តិភាព២ ផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ក៏មានមិត្តភក្ដិអ្នកស្គាល់គ្នាបបួលទៅផឹកសុី នៅឯម្តុំផ្សារកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រុសមានស្រី រហូតដល់វេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ស្រាបតែគាត់ទន់ដៃទន់ជើង ហើយត្រូវគេឌុបជូនមកផ្ទះវិញ ។
ប្រភពពីពលរដ្ឋដែលនៅក្បែរនោះបានឲ្យដឹងថា នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺពួកគេ គ្រាន់តែបានឃើញ ជនរងគ្រោះត្រូវបានគេឌុបទៅដាក់ចោលនៅចិញ្ចើមផ្លូវជាតិលេខ៤ហើយ ក៏ជិះម៉ូតូគេចទៅបាត់ ហើយជនរងគ្រោះក៏បានប្រាប់គេឯងឲ្យជួយគាត់ផង គេដាក់ថ្នាំយកម៉ូតូ ខ្សែក ប្លាកដៃ កាបូបលុយ ទូរស័ព្ទដៃរបស់គាត់អស់ហើយ រកតែប្រាប់លេខទូរស័ព្ទមិនទាន់អស់ផង ជនរងគ្រោះសន្លប់ឈឹង ទើបផ្អើលឆោឡោ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ សង្គ្រោះ ចំណែកដំណើររឿងហេតុ បាត់បង់របស់ទ្រព្យយ៉ាងណានោះ គ្រាន់តែសម្តីរបស់ជនរងគ្រោះរៀបរាប់ខ្លះៗមុនសន្លប់តែប៉ុណ្ណោះ ៕