
ប្រភពពីគ្រួសារសពបានប្រាប់កាសែត New York Times ថា ស្វាមីរបស់អ្នកគ្រូបង្រៀនថ្នាក់ទី៤ ដែលត្រូវខ្មាន់កាំភ្លើងវ័យ ១៨ឆ្នាំ បាញ់សម្លាប់ពេលកំពុងការពារកូនសិស្សនៅសាលាបឋមសិក្សា Robb រដ្ឋតិចសាស់នោះ បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ ពេលកំពុងធ្វើបុណ្យសពឲ្យភរិយារបស់ខ្លួន។
លោក Joe Garcia បានរៀបការជាមួយអ្នកគ្រូក្លាហាន Irma Garcia អស់រយៈពេល ២៤ឆ្នាំមកហើយ ដោយលោកបានដួលស្លាប់ភ្លាមៗនៅក្នុងពិធីបុណ្យសពកាលពីថ្ងៃទី ២៦ ខែ ឧសភា កន្លងមក។
ក្មួយប្រុសរបស់លោក Joe បានប្រាប់ឲ្យដឹងថា ខ្ញុំមិនដឹងថា ពេលនេះខ្ញុំមានអារម្មណ៍យ៉ាងណាទេ ខ្ញុំមិនជឿ និង មិនចង់ជឿទេថា ពូរបស់ខ្ញុំបានលាចាកពីលោកនេះទៅម្នាក់ទៀត។
កូនៗ និង ក្រុមគ្រួសារបានព្យាយាមជួយសង្រ្គោះលោក Joe ប៉ុន្ដែមិនបានផលអ្វីទេ ថ្វីបើពួកគេបានទាក់ទងហៅរថយន្ដសង្រ្គោះបន្ទាន់មកទទួល និង បញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក៏ជួយជីវិតរបស់គាត់មិនបានដែរ។
គ្រូពេទ្យបញ្ជាក់ថា លោក Joe បានខូចបេះដូងបាត់ទៅហើយ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ជំងឺរបស់លោក Joe ត្រូវបានគេស្គាល់ថា Takotsubo Cardiomyopathy ដែលជាទូទៅកើតឡើងនៅពេលដែលអ្នកស្លាប់ជួបប្រទះនូវភាពតានតឹងខ្លាំងពេកបណ្ដាលឲ្យបេះដូងឈប់ដើរ ឬ ខូច ស្លាប់ភ្លាមៗ ដែលវាមិនដូចនឹងអ្នកជំងឺគាំងបេះដូងដទៃទៀត ដែលបង្កឡើងដោយស្ទះសរសៃឈាមនោះទេ។ អ្នកដែលមានរោគសញ្ញាបេះដូងខូច មកពីបានបញ្ចេញអរម៉ូនស្រ្តេសខ្លាំងពេក ដែលរារាំងបេះដូងរបស់ពួកគេពីការលោតកន្រ្តាក់ឲ្យបានត្រឹមត្រូវ៕