
កំពង់ស្ពឺ ៖ រថយន្ដមួយគ្រឿងបើកបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យមនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់មានឈ្មោះសាន ជ័យ អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតមានឈ្មោះជិន ម៉ុន អាយុ៣៥ឆ្នាំ(ជាអ្នករួមដំណើ)ជនរងគ្រោះទាំង០២នាក់រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១J-៥៨៥៦ បានបើកវ៉ាជែងរថយន្តមួយគ្រឿង តែជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម ២A-១៧០៧ បណ្តាលឲ្យជនរងគ្រោះទាំង០២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែកអ្នកបើកបរថយន្ដបានចុះរតគេចខ្លួនបាត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង រួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់រងចាំដោះស្រាយនៅពេលក្រោយ៕