កណ្តាល ៖ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួន ចាងហ្វាង គេហទំព័រ TCN TV ថៃ ប៊ុនរិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ” ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គម និងបរិហារកេរ្តិ៍ជាសាធារណៈ ” តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។
ដែលប្រព្រឹត្តនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ជនត្រូវចោទមានឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅបូ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរចាងហ្វាយ គេហទំព័រ TCN TV មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ពាក់ព័ន្ធនឹងការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ មូលហេតុឈ្មោះថៃ ប៊ុនរិទ្ធ ហៅបូ មុខរបរចាងហ្វាយ គេហទំព័រ TCN TV បានជេរប្រមាថថ្នាក់ដឹកនាំខេត្តកណ្តាល និងដើរសំឡុតគំរាមយកលុយពីថ្នាក់ដឹកនាំ ជាថ្នូរដាក់រូបភាពពីកន្លែងលួចលាក់បើកល្បែងស៊ីសង៕