
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមិនគោរពច្បាប់ចរាចរដោយបានបំពានភ្លើងស្តុបត្រូវរថយន្តកុងតឺន័របុកចំពីមុខហើយអូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែត្រស្ថិតនៅត្រងចំណុចស្តុបសេះមាស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីពរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត គេឃើញរថយន្តកុងតឺន័រក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣B ៥២៤៧ បើកបរលើផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកកន្លែងកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូធំ ពណ៌ត្រីអ៊ី លាយខ្មៅ ពាក់ស្លាកលេខកណ្ដាល ១AM ៧៥២៨ ធ្វើដំណើរលើផ្លូវ៣០ម៉ែត្រទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាដោយបំពានភ្លើងស្តុបត្រូវរថយន្តបុកកិនចំក្បាលធ្លាយខួររួចអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ភ្លាមៗសមត្ថកិច្ចឃាត់បានទាំងរថយន្តទាំងតៃកុងយកទៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣ រងចាំប្រគល់ឲ្យជំនាញក្រុង ចាត់ការបន្ត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូព្រមទាំងនាំខ្លួនតៃកុងរថយន្ដទៅស្នងការាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕