
ភ្នំពេញ ៖ រោងចក្រក្រណាត់មួយកន្លែង ត្រូវអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្បែរខាង ហើយរាយការណ៍ទៅសមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង បុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឮសម្លេងផ្ទុះ និងផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងរោងចក្រ រួចពួកគាត់បាននាំគ្នាទៅមើលក៏ឃើញអណ្តាតភ្លើងឆេះ នៅខាងក្នុងរោងចក្រយ៉ាងសន្ធោសន្ធៅ បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។
ក្រោយយពីទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆាបឆេះរោងចក្រនៅខណ្ឌពោធិ៍សែនជ័យ កម្លាំងជំនាញពន្លត់អគ្គិភ័យ៧១១ ចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បា.ញ់ពន្លត់ភ្លាមៗ។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន នៅក្នុងករណីអគ្គិភ័យនេះមិនមានអ្នកស្លា.ប់ និងរបួសនោះទេ គ្រាន់តែរងការខូចខាតតែសម្ភារៈអស់មួយចំនួនតែប៉ុណ្ណោះ៕