
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីដែលវាយប្រពន្ធរបូតដល់បាក់ដៃ ព្រោះតែរឿងទូរស័ព្ទ ហើយត្រូវបងប្អូននាំស្ត្រីជាប្រពន្ធទៅដេកពេទ្យ ។
សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជាប្ដី កាលពីវេលាម៉ោង៨ៈ១០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ វឿន គឹមចាន់ណារ៉ា អាយុ៣៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រីឯជនដៃដល់ជាប្តីមានឈ្មោះចាន់ រតនា អាយុ៤០ឆ្នាំ មុខរបរ ជាជាងជួសជុលបរិក្ខាអគ្គិសនី មានកូនប្រុស០២នាក់ រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នារឿងទូរស័ព្ទ ឈានដល់ការប្រើអំពើហឹង្សាក្នុងគ្នួសារ ដោយបុរសជាប្តីទាញកៅអីដែកបត់ វាយលើប្រពន្ធ បណ្តាលឲ្យរងរបួសបាក់ដៃស្តាំ ។
ក្រោយមកសមត្ថកិច្ចឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯប្តីដែរជាជនដៃដល់រត់ឡើងសង្ងំដេកលើផ្ទះបាត់ ។
លុះដល់វេលាម៉ោង៨ៈ១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ច និងមេភូមិ ចុះឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕