
ភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿង បើកបរក្នុងល្បឿនលឿនស្រាប់តែរេចង្កូតបុកជាមួយក្បាលបន្កាន់ដៃស្ពានបាក់មួយកង់ បណ្ដាលឲ្យរថយន្ដខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ២ៈ ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅត្រងស្ពានអាកាស៧ មករា តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំ ប្រភេទដឹកបន្លែ ផ្លែឈើមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ បើកលើផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។
លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យបាក់អស់០១កង់ និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដេីមទៀត។ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត ដោយបន្សល់ទុកតែរថយន្តនៅទីតាំងកន្លែងកើតហេតុ បន្ទាប់មកទើបគេឃើញមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានបន្តរាយការណ៍ទៅ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងរួចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕