
កំពង់ស្ពឺ ៖ ប្រតិបត្តការបង្ក្រាបទីតាំងមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតគ្រឿងញៀនមួយកន្លែង សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់ និងវត្ថុតាងគ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មាននាថ្ងៃទី២៦ ខែឧសភា បានអោយដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជានិងដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨ៈ៣០នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់រួមមាន
១ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
២ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៣ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក អ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ០២ ខែរួចមក។
សមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ជាជនជាតិចិន (តៃវ៉ាន់)
១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ)។
២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស)។
៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស)។
៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។
សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា៖
-ម៉ាស៊ីនឧបករណ៍សម្ភារៈសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ
-សារធាតុញៀនប្រភេទកេតាមីនទម្ងន់ 41 kg 51.7g
-ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ 1425 kg
-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.9g
-សារធាតុគីមីផ្សំ 11 tone 525 kg។
បន្ទាប់ពីប្រតិបត្តិការធ្វើឡើងដោយជោគជ័យ ជនសង្ស័យ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕