
បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ធ្វើការធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានយកកាំបិតចាក់លើម្តាយក្មេកដែលជាស្រ្តីរងគ្រោះ ដែលបណ្តាលឲ្យរបួសធ្ងន់ចំភ្នែកខាងឆ្វេង។
ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យមានរឿងនេះកើតឡើងគឺ ដោយសារតែបុរសដែលជាជនដៃដល់ត្រូវជាកូនប្រសាបានខឹងស្រ្តីរងគ្រោះដែលជាម្តាយក្មេក ថាចង់បំបែកប្រពន្ធរបស់ខ្លួនឲ្យទៅយកប្តីថ្មី។
ក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់បន្ថែមទៀតថា ជនដៃដល់ដែលមានឈ្មោះ រឹម សុផា (ហៅជាង ម៉ៅ) អាយុ ៣៦ ឆ្នាំ មានទីលំនៅ នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឯម្តាយក្មេកដែលជាស្រ្តីរងគ្រោះមានឈ្មោះ លឹម រ៉េត ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបានហើយ សមត្ថកិច្ចក៏បានដកហូតនូវវត្ថុតាងមួយចំនួនរួមមាន កូនកាំបិតចុងស្រួចចំនួន ១ និងអាវុធកែច្នៃខុសច្បាប់មួយដើម និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕