
បន្ទាយមានជ័យ ៖ ផ្ទះឈើប្រកស័ង្កសី១ខ្នងត្រូវអគ្គិភ័យឆាបឆេះម៉ត់គ្មានសល់ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពពីម្ចាស់ផ្ទះឈ្មោះ ទូច ជឿន ភេទប្រុស អាយុ៦០ឆ្នាំ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យផ្ទះគាត់ឆេះនេះ គឺមកពីផ្ទុះកំប៉ុងហ្គាស ធ្វើឲ្យឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ។
លោក ហុឹល រ៉ាយ៉ា បានឲ្យដឹងថា សម្ភារៈដែលខូចខាតរួមមាន ផ្ទះអស់១ខ្នង ម៉ូតូ១គ្រឿង សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនធំ គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារឯណោះ ។
នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងចម្រះបានប្រើ រថយន្តរបស់អធិការនគរបាលក្រុង ១គ្រឿង និងរថយន្តស្នងការនគរបាលខេត្ត ១គ្រឿង ហើយប្រើពេលជាង១ម៉ោងទេីបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ក្នុងករណីអគ្គិភ័យនេះមិនមានអ្នកណារបួស និងឆេះរាលដល់ផ្ទះអ្នកជិតខាងឡើយ៕