
ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍មួយដែលមិនធ្លាប់មានបានកើតឡើង នៅវេលាម៉ោងប្រមាណ ម៉ោង៦ កាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ឆ្កែចចកព្រៃត្រូវបានប្រជាពលរដ្ឋលើកគ្នាដេញវាយ ងាប់ បន្ទាប់ពីដេញខាំប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស។
បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូលយកចង្រិតដែលពួកគាត់បានដាក់ នៅចុងភូមិស្នោ ពេលនោះមានចចកព្រៃមួយក្បាលសម្បុរ ស .លឿង បានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋជាច្រើននាក់ ព្រមទាំងរត់ចូលភូមិ ដេញខាំមិនរើសមុខ បណ្ដាលឲ្យរងរបួស ប្រជាពលរដ្ឋ ពី ៦ទៅ ៧នាក់។
សមត្ថកិច្ចបានបន្តថា នៅក្នុងភូមិស្នោ ឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃប៉ុន្មានទេ គ្រាន់តែជាព្រៃរបោះ និងគុម្ភឫស្សី នៅជាប់ជើងភូមិច្រើន តែប៉ុណ្ណោះ មិនដឹងថាចចកព្រៃមួយក្បាលនេះចេញពីកំហែងណាមកទេ ។ ចំពោះប្រជាពលរដ្ឋដែលរងរបួសបានទៅយកទៅព្យាបាលដោយខ្លួនឯងនៅ មន្ទីរពេទ្យអង្អែកស្រុកបរិបូរណ៍។សូមបញ្ជាក់ថាមិនមានអ្នករងរបួសធ្ងន់ក្នុងហេតុការណ៍ខាងលើនោះទេ ប៉ុន្តែអ្វីចម្លែកគឺជាលើកទីមួយហើយដែលមានចចកព្រៃចេញមកខាំប្រជាពលរដ្ឋបែបនេះ ៕