
មនុស្សចំនួន១៥នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយ ក្នុងរដ្ឋតិចសាស់នៅថ្ងៃទី២៤ខែឧសភា (ត្រូវថ្ងៃពុធ ទី២៥ ថ្ងៃនៅកម្ពុជា)។
ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំមានឈ្មោះ Salvador Ramos បានសម្លាប់សិស្សចំនួន១៤នាក់និងគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15។
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និយាយថា ជនសង្ស័យត្រូវបានសម្លាប់ ពេលបាញ់តបតជាមួយមន្ត្រីប៉ូលិស។
ទីតាំងបរិច្ចាគឈាមបន្ទាន់ ត្រូវបានបង្កើតឡើងនៅថ្ងៃពុធ បន្ទាប់ពីការបាញ់ប្រហារ។
ប្រភពពីសមត្ថកិច្ច ខ្មាន់កាំភ្លើង ក៏ត្រូវបានគេសង្ស័យថា សម្លាប់ជីដូនរបស់ខ្លួនផងដែរ មុនពេលបើកការសម្លាប់រង្គាលនៅសាលារៀន។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden បានបញ្ជាឲ្យបង្ហូតទង់ជាតិអាមេរិកពាក់កណ្តាលដង រហូតដល់ព្រះអាទិត្យលិច នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ដើម្បីជាការកាន់ទុក្ខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានបញ្ជាឲ្យទង់ជាតិសហរដ្ឋអាមេរិកនៅទូទាំងអគារសាធារណៈ និងមូលដ្ឋាន ប៉ុស្តិ៍យោធា ស្ថានីយកងទ័ពជើងទឹក និងនាវាកងទ័ពជើងទឹកទាំងអស់ ត្រូវបង្ហូតពាក់កណ្តាលដង ព្រមទាំងទង់ជាតិនៅស្ថានទូត ការិយាល័យកុងស៊ុល ទីតាំងយោធា និងកងទ័ពជើងទឹកនៅសហរដ្ឋអាមេរិក និង នៅបរទេសផងដែរ។
ការវាយប្រហារនេះកើតឡើង ចំពេលដែលអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក កំពុងកើនឡើងខ្លាំង៕