
ភ្នំពេញ ៖ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ដោយ
ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ហេរ៉ូអ៊ីន ទម្ងន់ ជាង3 kg , ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ ជាង4 kg ,មេតំហ្វេតាមីន(ICE)ទម្ងន់ ជាង9 kg ,មេតំហ្វេតាមីន(WY) ទម្ងន់ 648g , កេតាមីន(Ketamine) ទម្ងន់ជាង 7kg ,សារធាតុរាវ(Ketamine)ចំនួន ២១៥ ដប ទម្ងន់ ជាង2 kg , ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ជាង2 kg, សារធាតុញៀន សរុបជាង30 kg និងសារធាតុផ្សំសរុបជាង56kg។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន
ចំនួន៣នាក់
ទី១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។
ទី២-ឈ្មោះ LI ZHI ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។
និងទី៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តតាមនីតិវិធី ៕