
ស្វាយរៀង ៖ ម៉ូតូឆ្លងភ្លើងបានបង្កឲ្យទៅជាការឆាបឆេះម៉ូតូកម្មករកម្មការិនីដែលចតទុកនៅក្នុងរោងចក្រកាត់ដេរ ស៊ីកូ ហើយក្រុមកម្មករបាននាំគ្នាជួយពន្លត់ភ្លើងឆាបឆេះនោះ ទើបខូចខាតត្រឹមតែ ៤៣គ្រឿង ខណៈនៅក្នុងរោងដាក់ម៉ូតូនោះ មានម៉ូតូសរុបជាង ១០០០គ្រឿង។
ហេតុការណ៍អគ្គិភ័យខាងលើកើតឡើងកាលពី វេលាម៉ោងប្រមាណ១ៈ៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងរោងចក្រស៊ីកូ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមព័ត៍មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្មកររោងចក្របានចូលធ្វើការជាធម្មតា ស្រាប់តែមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីរោងដាក់ម៉ូតូ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ខណៈពេលនោះដែរ ក៏មានសន្តិសុខបានចុះជួយពន្លត់ផងដែរ ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់លើម៉ូតូ ដើម្បីពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបបណ្ដាលឲ្យម៉ូតូ ៤៣គ្រឿងឆេះសល់តែគ្រោងឆ្អឹង ។អគ្គិភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង៣ៈ៣០នាទីរសៀល។ ចំណែកគ្រោះខាងលើនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ច និងភាគីខាងរោងចក្រ បានស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យឆាបឆេះនេះកើតឡើង បើតាមការប៉ាន់ស្មាន អាចខូចខាតប្រមាណរាប់ម៉ឺនដុល្លារឯណោះ៕