
ភ្នំពេញ ៖ រថយន្តដឹកស៊ីទែនប្រេងមួយគ្រឿង បើកបុកម៉ូតូមួយគ្រឿងទៀតចំពីក្រោយ បណ្ដាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១១:២០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវសិស្សរងគ្រោះ០២នាក់ជិះម៉ូតូម៉ាកហ្ស៊ូមមឺរ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១K-១០៦៤ ចេញពីសាលារៀនជម្ពូវ័ន ធ្វើដំណើពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តមានរថយន្ដមួយគ្រឿងម៉ាក CHENGLONG ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣F-៩៤៧៣ ស៊ីទែនដឹកប្រេង របស់ក្រុមហ៊ុនសូគីម៉ិច បើកបរពីកើតទៅលិចស្របទិសគ្នា ហើយជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យយុវសិស្សទាំង០២នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង០២នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕