
បាត់ដំបង ៖ បុរសម្នាក់ជិះម៉ូតូចាស់មួយគ្រឿងដោយសារតែភ្លើងបំភ្លឺផ្លូវមិនភ្លឺ និងបើកក្នុងល្បឿនលឿនផង បានបុករថយន្តមួយគ្រឿងដែលចតស្ងៀមពេញទំហឹង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ ៥៧B ស្ថិតនៅក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ត្រឡប់មកពីធ្វើការវិញម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះមក់ដល់ចំណុចកើតហេតុ ដោយសារភ្លើងបំភ្លឺផ្លូវ មិនសូវភ្លឺច្បាស់ ក៏បានបុកនិងរថយន្តធុនធ្ងន់មួយគ្រឿង ដែលចតស្ងៀម នៅលើទ្រូងផ្លូវ ដោយគ្មានភ្លើងបំភ្លឺពីក្រោយ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ប្រភពដដែលបានបន្តថា ជនរងគ្រោះខាងលើមានឈ្មោះ រើន ប៊ុនរ៉ង អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរី១៩៩៧ ពាក់ផ្លាកលេខ បាត់ដំបង ខ-៤២៤១ ចំណែកភាគីខាងរថយន្ត ក្រោយកើតហេតុ ត្រូវម្ចាស់ឡើងបើក បម្រុងរត់គេច ក៏ប៉ុន្តែទំនងស្លន់ស្លោរពេក បើកបានបន្តិច ក៏ចតរថយន្ត ហើយចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុក នូវរថយន្តម៉ាក Fuso ពណ៌ខៀវលាយស ពាក់ផ្លាកលេខ បាត់ដំបង ៣A-០៤៤៦។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វេង បានប្រគល់សំណុំរឿងទៅកម្លាំងនគរបាលចរាចរណ៍ ផ្លូវកោគ ខេត្តបាត់ដំបង ដើម្បីអនុវត្តបន្ត តាមផ្លូវច្បាប់៕