ភ្នំពេញ ៖ ពិរជាអាសូរណាស់ ! បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនទៅលេងប្អូនស្រីដែលជិតគ្រប់ខែឆ្លងទន្លេ តែរឿងអកុសល ត្រូវរថយន្តបុកពីក្រោយពេញទំហឹងហើយកិនបណ្ដាលឲ្យស្ត្រីជាប្រពន្ធ ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្ដីនិងកូនតូចវិញ រងរបួសស្រាល ើ
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1C-4037 ឌុបប្រពន្ធនិងកូនតូចរបស់គាត់ចេញពីផ្ទះជួលនៅផ្សារអូដឹម តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅសួរសុខទុក្ខប្អូនស្រីដែលជិតគ្រប់ខែឆ្លងទន្លេនៅឯសង្កាត់កន្ទោក ខណ្ឌកំបូល ។
ពេលជិះមកដល់ត្រង់ចំណុចត្រង់ផ្លូវបំបែកជាបី ជនរងគ្រោះក៏បានបត់ម៉ូតូ ដើម្បីឆ្លងផ្លូវ ពេលឆ្លងជិតផុតទៅហើយនោះ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ3D-4550 បើកបរស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បានទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលដួលហើយខ្ទាតយជនរងគ្រោះជាប្រពន្ធ ហើយត្រូវរថយន្តបង្កកិនស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកប្ដីនិងកូនតូចវិញ បានដួលបោកទៅនឹងផ្លូវ ធ្វើឱ្យកូនតូចបែកក្បាល និងឪពុករលាត់ដៃជើង។ ភ្លាមៗនោះដែរ តៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ទៅសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលកន្ទោកផងដែរ ។
ស.ពជនរងគ្រោះខាងលើមានឈ្មោះ ជុំ ស្រីណាត ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលផ្សារអូដឹម ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយក្រោម ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកប្ដីឈ្មោះ គង់ វិសាល អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិក្របែក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងមានកូនស្រីតូចអាយុតែបានពីរជាង២ខួបតែប៉ុណ្ណោះ។
ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានចុះទៅធ្វើការវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្ក ព្រមទាំងតៃកុងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្តនៅពេលក្រោយបន្ត ។
ចំណែកស.ពស្ត្រីរងគ្រោះវិញ ត្រូវបានជំនាញធ្វើលិខិតប្រគល់ស.ពទៅអោយក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕