
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរស់ម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់(សង្ឃឹមតិចតួចណាស់) ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 1S-7983 ជិះតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បម្រុងនិងបត់ឆ្លងផ្លូវ ក៏ជ្រុ.លទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1CH-5994 ជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាល្បឿនលឿន ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្គុបពី បានស្លា.ប់ភ្លាមៗ ចំណែកម្ចាស់ម៉ូតូឌ្រីមសង់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ។
ចំណែកសពជនរងគ្រោះ មានឈ្មោះ សៀន សារឿន ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរធ្វើការសំណង់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅខាងខេត្តព្រៃវែង។
បន្ទាប់ពីកើតហេតុកម្លាំងជំនាញ បានយចុះមកដល់កន្លែងកើតហេតុដើម្បីវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ ហើយធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕