
ភ្នំពេញ ៖ ថៅកែក្លឹប ដឹ ស្តម ខឹងចុងភៅនៅក្នុងក្លឹបរបស់ខ្លួន បានដកកាំភ្លើងមកគំរាម និងបាញ់១គ្រាប់ រួចបើករថយន្តចេញពីក្លិបបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ជាប់ផ្លូវលេខ១៨២ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ថៅកែក្លឹបជាជនបង្កខាងលើមានឈ្មោះ ហេង សុផល អាយុជាង៤០ឆ្នាំ ភេទ(ប្រុស) ចំណែកចុងភៅរងគ្រោះឈ្មោះ ឈូក សុភាព ភេទ(ប្រុស) អាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម។
ប្រភពពី បុរសនិងស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថៅកែខ្លួន បានចូលមករករឿងមិនសួរហេតុផល ដោយចោទថាជនរងគ្រោះ បានទៅវាយរទះគោដុតឱ្យខ្ទេច បន្ទាប់មកថៅកែខ្លួន ចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា( ហែងតិចទៀតដឹងខ្លួនហើយ )។
មួយសន្ទុះក្រោយមក ថៅកែជាជនបង្ក ក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក រួចអាម៉េភ្ជង់គំរាមចុងភៅ រួចបាញ់ឡើងលើ១គ្រាប់ ហើយក៏ដើរចេញពីក្លឹប បើករថយន្តគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់មកជនរងគ្រោះ ក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅបកស្រាយប្រាប់រឿងហេតុដល់អ្នកសារព័ត៌មានរួចរាល់ ក៏នាំគ្នាទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួន ឱ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការតាមនិតិវិធីច្បាប់៕