ពោធិ៍សាត់ ៖ ក្មេងស្រី០៣នាក់ជាសិស្សសាលាបានលង់ទឹកស្ទឹង ហើយបាត់ខ្លួនក្នុងចំណោមគ្នីគ្នា០៦នាក់ ។
ហេតុការខាងលើបានកើតឡើងកាលពី វេលាម៉ោង ១ៈ៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅស្ពានក្របៅជ្រុំ នៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីសម្ថកិច្ចនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្រោយទទួលដំណឹងថា បាត់ក្មេងស្រីសិស្សសាលា០៣នាក់នោះ ភ្លាម ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង បានឲ្យលោក ឧត្តមសេនីយ៍ត្រី ម៉ូលីដា ដឹកនាំកម្លាំងព្រហ្មទណ្ឌ ចុះស្រាវជ្រាវករណីនេះភ្លាមៗ ដោយសហការជាមួយ នគបាលស្រុកភ្នំក្រវ៉ាញ ផងដែរ។
ប្រភពដដែលបានបន្តថា មុនកើតហេតុ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្មេងស្រីសិស្សសាលាចំនួន០៦នាក់ ជិះម៉ូតូ០២គ្រឿងចេញពីសាលារៀន ហើយនាំគ្នាទៅងូតទឹកលេងនៅក្រោមស្ពានក្របៅជ្រុំ ដោយក្មេងស្រីទាំងនោះ នាំគ្នាកាន់កំណាត់ឫស្សី ដើរទៅលេងទឹកទីកន្លែងជ្រៅ ស្របពេលដែលទឹកស្ទឹងក៏ហូរខ្លាំងទៀត ដើរៗក្នុងទឹក កាន់តែជ្រៅ ឃើញសភាពមិនស្រួល ដើរត្រឡប់ក្រោយ បែរជារបូតឫស្សីពីដៃ នាំគ្នាស្រវេស្រវាហែលរកកន្លែងមានសុវត្ថិភាពរៀងខ្លួន។
ក្រោយមកទើបដឹងថាបាត់ខ្លួនគ្នីគ្នារបស់ខ្លួន០៣នាក់ទៀត ក៏នាំគ្នាស្រែកឆោឡោ អ្នកភូមិជួយរាវរក តែមិនឃើញ។
លុះដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច នគរបាលស្រុក កម្លាំងស្នងការខេត្ត អាជ្ញាធរ ចុះទៅស្រាវជ្រាវ រាវរក ដល់ថ្ងៃរសៀលទៅហើយ នៅតែរកមិនទាន់ឃើញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីសិស្សសាលាទាំង០៦នាក់នោះ មាន
១.ឈ្មោះ ហឿន ស្រីល័ក្ខ អាយុ ១៥ ឆ្នាំ រៀននៅថ្នាក់ទី៨A
២.ឈ្មោះ ហឿន ស្រីលីន អាយុ ១៥ ឆ្នាំ រៀននៅថ្នាក់ទី៨A
៣. ឈ្មោះ គឹម សុខគៀង អាយុ ១៤ ឆ្នាំ រៀននៅថ្នាក់ទី៨B ទាំងបីនាក់ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (បាត់ខ្លួន)
៤.ឈ្មោះ សុង សុខលី រៀននៅថ្នាក់ទី ៧E
៥.ឈ្មោះ ថា ស្រីម៉ី អាយុ ១៤ ឆ្នាំ រៀននៅថ្នាក់ទី ៧E (បាត់ខ្លួន)
៦.ឈ្មោះ ជា ស្រីនាថ អាយុ ១៤ ឆ្នាំ រៀននៅថ្នាក់ទី៨AG ទាំងបីនាក់ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (បាតខ្លួន)។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ច កំពុងតែស្វះស្វែងរុករក ជនរងគ្រោះទាំង០៣នាក់ ដែលលង់ទឹក ហើយបាត់ខ្លួននោះ តែរហូតមកដល់ថ្ងៃទី១៩ ឧសភា ២០២២ នេះ នៅតែរកមិនទាន់ឃើញនៅឡើយទេ ៕