
សៀមរាប ៖ សមត្ថកិច្ចជំនាញឃាត់ខ្លួន បុរសម្នាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដោយបុរសម្នាក់នោះបានច្រកដីខ្សាច់ដាក់ក្នុងការ៉ុងហើយក្លែងថាស្ករសរួចយកទៅលក់ ឱ្យអាជីវករលក់ឥវ៉ាន់ចាបហួយ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងតំលៃថោក ។
ប្រភពពីសមត្ថកិច្ចប៉ុស្ដិ៍នកណ្តែកបានទទួលបណ្តឹងពីជនរងគ្រោះមានឈ្មោះ ហៅ លីហេង ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្តឹងថា នៅថ្ងៃទី ១៦.០៥.២០២២ ម៉ោង ៧ព្រឹក គាត់បើកតូបលក់ឥវ៉ាន់ដូចធម្មតា នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ហើយក៏មានជនម្នាក់ យកស្ករសមកលក់ឱ្យគាត់ក្នុងតំលៃថោក។
ប្រភពដដែលបានបន្តទៀតថា មនុស្សប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ឌុបការ៉ុងពណ៌ ស មួយ មកដល់សួរគាត់ថា ទិញស្ករស លក់១ការុង តម្លៃ ១០០.០០០ រៀល (មួយសែនរៀល) គាត់ព្រមទិញយក ដោយពុំបានពិនិត្យមើលទេ ។
លុះម៉ោង ១៨:៣០នាទី ថ្ងៃទី១៧ ខែឧសភា បុរសដដែលបានដឹកមកលក់បន្ថែម ០៣ ការុងទៀត គាត់ក៌ព្រមទិញ នៅក្នុងតម្លៃ ៣០០ .០០០ រៀល (បីសែនរៀល) និងបានសុំលេខទូរស័ព្ទគាត់ សំរាប់ទាក់ទងទិញស្ករ ស បន្ថែម ។
នៅព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២២ បុរសនោះបានស្គាល់ឈ្មោះថា រិន ចំរើន ក៏បានទាក់ទងលក់ស្ករបន្ថែមចំនួន០៥ការ៉ុងបន្ថែមទៀត បុរសជាអាជីវករខាងលើក៌ព្រមទិញថែមទៀត នៅប្រហែលកន្លះម៉ោងក្រោយមក បុរសខាងលើបានដឹកស្ករសចំនួន០៥ការ៉ុង ទៅឱ្យគាត់ដល់ផ្ទះ ហើយបានទៅយកលុយនៅតូបលក់របស់គាត់ ចំនួន៥០០.០០០ រៀល(ប្រាំសែនរៀល) ។
នៅថ្ងៃដដែលនោះ ជនរងគ្រោះឈ្មោះ គុំ ស្រីនៀង បានទូរស័ព្ទប្រាប់ថា ស្ករបងឯង សុទ្ធតែដីខ្សាច់ ពេលកំពុងនិយាយទូរស័ព្ទ បុរសខាងលើ ជិះម៉ូតូមកដល់តូបរបស់គាត់ល្មម ពេលនោះ គាត់ហែកការ៉ុងមើល ក៏ឃើញសុទ្ធតែដីខ្សាច់នៅក្នុងការ៉ុង ទាំងអស់ ហើយក៏នាំគ្នាឃាត់បុរសនោះទុករួចប្រគល់ឱ្យសមត្ថកិច្ច។
តាមចម្លើយសារភាពរបស់ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិអញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប បានសារភាពថា ខ្លួនពិតជាបានយកដីខ្សាច់ច្រកក្នុងការ៉ុង ហើយលក់ឱ្យជនរងគ្រោះខាងលើចំនួន០៩ការ៉ុង ពិតប្រាកដមែន ៕