
កំពង់ស្ពឺ ៖ ស្លាប់០២នាក់និងរបួសធ្ងន់ម្នាក់ ដែលបណ្ដាលមកពីជិះម៉ូតូចុះពីភ្នំគិរីរម្យក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង កាច់ចង្កូតមិនទាន់ ហើយជ្រុលធ្លាក់ផ្លូវទៅបុកផ្ទប់និងដើមឈើ ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវក្រាលកៅស៊ូលេខ៤៦ ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ជិះម៉ូតូ ហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-9311 ជិះគ្នា០៣នាក់មាន
១ ឈ្មោះ ខន សុវិបុល ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់ ) ជាអ្នកបើក ។
២ ឈ្មោះ ផន លីសីហា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នករួមដំណើរ (ស្លាប់) ។
៣ ឈ្មោះ សៀវ សុខជា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នករួមដំណើរ របួសធ្ងន់ ។
ប្រភពដដែលបានបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្រច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ចុះពីភ្នំគិរីរម្យក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងស្រាប់តែអ្នកបើកបរកាច់ចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ផ្លូវ ហើយបន្ដទៅបុកផ្ទប់ដើមឈើថែមទៀត ទើបបណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងម្នាក់ទៀតរបួសធ្ងន់។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅពេទ្យនៅផ្សារតាឡាត់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕