
កំពង់ស្ពឺ ៖ រថយន្ដមួយគ្រឿងបើកបុកម៉ូតូសណ្ដោងរ៉ឺម៉ក០២គ្រឿងទៀត បណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៤–៣៥ នៅក្នុងភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ2C-0102 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូសណ្តោងរ៉ឺម៉ក់ចំនួន០២គ្រឿង។
ជនរងគ្រោះទាំង០២មាន
១ ម៉ូតូម៉ាកហុងដាសេ ពណ៍ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
២ ម៉ូតូហុងដាវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខសណ្តោងរ៉ឺម៉ក ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ប្រភពពីដដែលបានបន្តថា ជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនិងទីលំនៅ នៅឡើយទេ ចំណែកឯអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សពជនរងគ្រោះតំកល់ទុកនៅមន្ទីរពេទ្យ ហេង សុធារិទ្ធ ស្រុកអង្គស្នួលខេត្តកណ្តាលរងចាំក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដនិងរ៉ឺម៉ក សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕