
ភ្នំពេញ ៖ មន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ២ម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតយកកាំភ្លើងបាញ់ខ្លួនឯង ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះលេខ១៣៩ ផ្លូវលេខ៦៥៦ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហេង សារ៉ាន់អាយុ៥០ឆ្នាំ មុខរបរយោធា តួនាទីនាយករង នៃនាយកដ្ឋានភូមិសាស្ត្រ ទទួលបន្ទុកមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ទីលំនៅផ្ទះកើតហេតុនេះ ។
ប្រភពពីប្រពន្ធជនរងគ្រោះមានឈ្មោះ អ៊ុ សុផានី អាយុ៤២ឆ្នាំបានឲ្យដឹងថា ប្តីរបស់ខ្លួនមានអាការៈឈឺ និងតឹងក្នុងក្បាលរយៈពេល១០ថ្ងៃមកហើយ នៅព្រឹកកើតហេតុជនរងគ្រោះនៅតែមានអាការៈឈឺក្បាល ដដែលហើយខ្លួនបានប្រាប់ឲ្យទៅមន្ទីរពេទ្យ តែជនរងគ្រោះមិនព្រម ទើបខ្លួនបានដើរទៅទិញផ្លែឈើនៅផ្សារដើម្បីយកមកឲ្យប្ដី ។
លុះដល់ម៉ោង០៩ៈ៤៧នាទី ពេលខ្លួនត្រឡប់មកផ្ទះវិញហើយចូលតាមទ្វារខាងក្រោយ ដើរចូលមកក្នុងផ្ទះស្រាប់តែឃើញប្តីស្លាប់នៅលើគ្រែ នៅក្បែរខ្លួនមានកាំភ្លើងខ្លីមួយដើម ។
ចំណែកឯអ្នកធ្វើការជាមួយជនរងគ្រោះមានឈ្មោះ ហែម ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះតាមទ្វារខាងក្រោយមកអង្គុយលេងនៅលើបង់ក្នុងបរិវេណនាយកដ្ឋានភូមិសាស្ត្រយោធា ហើយក៏បានទៅអង្គុយជជែកគ្នាលេងជាមួយជនរងគ្រោះ បានបន្តិចជនរងគ្រោះប្រាប់ថា គាត់ឈឺក្បាលខ្លាំងណាស់ ហើយក៏បានដើរចូលទៅក្នុងផ្ទះវិញ ។
បន្តិចក្រោយមកខ្លួនក៏លឺសំលេងផាំង តែមិនចាប់អារម្មណ៍ មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានមកពីក្រៅវិញ ដើរចូលផ្ទះតាមទ្វារខាងក្រោយ ស្រាប់តែផ្អើលឆោឡោថា ប្តីគាត់ស្លាប់បាត់ទៅហើយ។
តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយ (ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង)។
ក្រោយពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕