ភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកបរក្នុងល្បឿនលឿនព្រមទាំងបំពានស្តុបផងនោះ ស្រាប់តែជ្រុលទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវ ចំពាក់កណ្តាលរថយន្ដពេញទំហឹង រួចបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវព្រះនរោត្តម កែងនឹងផ្លូវ២១៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2P-0809 ធ្វើដំណើតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះពេលមកដល់កន្លែងកើតហេតុ គាត់ក៏បានបើកឆ្លងស្តុបខៀវ នៅពេលដែលកំពងបើកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តបង្កម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BE-5766 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយ៣នាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហមមកបុករថយន្តហាយឡែនឌ័របស់គាត់ ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង ខ្ទៀតទៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមថែមទៀត តែជាសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង និងស្ទូចយករថយន្តទាំង០២គ្រឿង យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕