ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយបានបង្កឲ្យបុរសម្នាក់រងរបួសជើងស្តាំ ដែលបណ្តាល មកពីរថយន្តកុងតឺន័របត់ក្រោយមិនប្រយ័ត្ន ជ្រុលទៅកៀររថយន្តសាំយ៉ុង ខូចខាត់មួយចំហៀង។
គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅពីវេលាម៉ោង២ៈ១០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខបុរីពិភពថ្មី គម្រោងទី៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9070 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6207 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅកៀរពីចំហៀងរថយន្ត សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BL-1421 បើកពីជើងទៅត្បូង បណ្តាលឲ្យខូចខាតនិងរបួសជើងបុរសម្នាក់។
ករណីខាងលើនេះ បណ្តាលឲ្យរថយន្តសាំយ៉ុងខូចខាតមួយចំហៀង បែកកញ្ចក់ឆ្វេងមួយផ្ទាំង រងរបួសអ្នកជិះម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅអន្តរាគមន៍ យកដាក់អែបកៀនខាង ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា ដោយខាងរថយន្តសាំយ៉ុងទាមទារលុយ១៥០០ដុល្លា ថ្ងៃខូចខាតនិងរបួសមនុស្សម្នាក់។