
ភ្នំពេញ ៖ មនុស្ស០៣នាក់របួសធ្ងន់ស្រាល បណ្ដាលមកពីរថយន្តកូរ៉េជែងរថយន្តមួយគ្រឿងទៀតរួចក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ចំណែករថយន្តឡើងឃឿនសួនក្រឡាប់ផ្ងារជើង។
ហេតុការណ៍បានកើតឡើងកាលពី វេលាម៉ោង១១ៈ៤០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9572 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុរថយន្ដខាងលើបានជែញរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ហើយក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាវេវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-5514 ជិះគ្នា០២នាក់ធ្វើដំណើរច្រាស់ទិសដៅគ្នា ហេតុការបណ្តាលឱ្យមនុស្ស០២នាក់រងរបួស ចំណែកឯរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកឃឿនសួននៅមុខផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរបានរត់គេចបាត់។
បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក ចុះមកវាស់វែង រួចបញ្ជូនជនរងគ្រោះទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបង្ករួមទាំងម៉ូតូយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕