ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកមុខសញ្ញាប្លន់យ៉ាងសកម្ម រហូតឃាត់បានបុរសជាជនសង្ស័យ ហើយជាមុខសញ្ញាប្លន់យ៉ាងសកម្មម្នាក់ កាលពីល្ងាចថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២២ នៅផ្ទះបិទស្កុតម៉ូតូផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ ។
ជនសង្ស័យខាងលើមានឈ្មោះ លី បូរិទ្ធ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើកមកហើយនៅក្នុងរាជធានីភ្នំពេញ។
ប្លន់លើកទី១ ៖ នៅថ្ងៃទី១១ ខែឧសភាវាលាយប់រំលងអធ្រាត្រនៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូហុងដាស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់តែមិនត្រូវ ។
ប្លន់លើកទី២ ៖ នៅថ្ងៃទី១២ ខែឧសភា វេលាម៉ោង២២:១០យប់ នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ភ្ជង់យកម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ និងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច បានសម្រេច។
ប្លន់លើកទី ៣ ៖ នៅថ្ងៃទី១៥ ខែឧសភា វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ ភ្ជង់ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខ១HZ០៥៣៣ បានសម្រេច ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងមួយចំនួនមាន កាំភ្លើងខ្លីពីរដើម ម៉ាកកា៥៤ មានគ្រាប់ចំនួន១៤គ្រាប់ អាយកូមពីរគ្រឿង ម៉ូតូពីរគ្រឿង ម៉ាកអាយខុនមួយគ្រឿង ពាក់ផ្លាកលេខ AR ៩៥៨៩ និង ម៉ាកអិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ AV៨៨៨៨ មួយគ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕