
ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យតដឹងថា មុខសញ្ញាឆក់ទូរស័ព្ទដៃចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធពីបទ លួចមានស្ថានទម្ងន់ទោស ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាទាំង០៤នាក់រួមមាន
១ ឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរដឹកអីវ៉ាន់ Online មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២ ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកអីវ៉ាន់ Online ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៣ ឈ្មោះ តាំង ជុងថេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ Online ស្នាក់នៅផ្ទះលេខ១៤៣Eo ផ្លូវ១៦៦ សង្កាត់អូរឬស្សី២ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។
៤ ឈ្មោះ អស់ វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថា នៅវេលម៉ោង៥ៈ៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីចោរឆក់ទូរស័ព្ទដៃនៅចំណុចមុខផ្ទះលេខ៧៥Eo ផ្លូវលេខ១០៧ ស្ថិតក្នុងភូមិ៦ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបង្កឡើងដោយងជនល្មើសមានគ្នា០៤ នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះឈ្មោះ លី សុធារី ភេទស្រី អាយុ២៦ឆ្នាំ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច បើយោងតាមពាក្យបណ្តឹងនេះ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ រង់ចាំម៉ូតូកង់បីដើម្បីជិះទៅផ្សារ ដោយក្នុងដៃមានកាន់ទូរស័ព្ទ ពេលនោះមានជនសង្ស័យ២នាក់ជិះម៉ូតូមកអែប រួចក៏ឆក់យកទូរស័ព្ទពីដៃពីស្រ្តីរង់គ្រោះ ហើយគាត់ក៏បានស្រែកថា «ចោរៗ» ធ្វើឲ្យជនសង្ស័យទាំង២នាក់ ភ័យស្លន់ស្លោក៏បានជិះម៉ូតូទៅបុកម៉ូតូកង់បី ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ រួមទាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន មកដល់ជួយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងនាំយកទៅសួរចម្លើយភ្លាមៗ រហូតមានការស្រាវជ្រាវតាមចាប់ខ្លួនបាន០៣នាក់បន្ថែមទៀតទៀត ក្នុងថ្ងៃតែមួយ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៤បានសារភាពថា មូលហេតុដែលបណ្តាលឲ្យពួកគេបោះបង់ចោលការសិក្សា និងមុខរបរសុច្ចរិតប្រចាំថ្ងៃ គឺមកពីសេពគប់មិត្តភក្តិមិនល្អ និង ប្រព្រឹត្តល្បែងស៊ីសង ៕