
ភ្នំពេញ ៖ រថយន្តឡិចសុីសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្តជ្រុលទៅបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅគ្លីនិកភ្លាមៗ។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពី វេលាម៉ោង១២ៈ៥០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញមួយគ្រឿងម៉ាករថយន្តឡិចសុីស RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-8435 ជិះគ្នា០២នាក់ប្តីប្រពន្ធ ធ្វើដំណើពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ រថយន្ដខាងលើបត់ឆ្វេងឆ្លងផ្លូវចូលផ្លូវវត្តទួលសុភាឃួនតែមិនប្រយ័ត្ត ក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-5094 ធ្វើដំណើពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ បែកប្រអប់ជើងឆ្វេង ចំណែកម៉ូតូកល់កៀបជាប់ពីមុខរថយន្ត។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅជួយសង្រ្គោះនៅគ្លីនិកមួយកន្លែង ចំណែកឯម្ចាស់រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាសវែងនិងនាំយកទៅរក្សាទុក ដើម្បីរងចាំភាគីសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕