
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូ ៥គ្រឿងធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូមួយគ្រឿង ពីយុវជន ៣នាក់ បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០យប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ខាងជើងខារ៉ាអូខេដាយមិនស្តារ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តេនជី ហាវ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងតុ ទូ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឯណាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំណែក មិត្តភក្កិពីរនាក់ទៀតរួមដំណើរជាមួយគ្នាមិនស្គាល់អត្តសញ្ញាណនោះទេ។
ជនរងគ្រោះទាំង៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាក suzuki Nex ស៊េរីឆ្នាំ២០១៧ ឡើងស៊េរីឆ្នាំ២០២០ ពណ៌ស បិតស្គុតក្បាលពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង1K-2211។
តាមប្រភពពពីជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុ រូបគេជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ ចេញពីកន្លែងធ្វើការនៅម្ដុំស្តុបចំកាដូង គោលបំណងមកចូលក្លឹប នៅម្ដុំផ្សារដីហុយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍លេចមុខជនសង្ស័យមួយក្រុមមានគ្នាជាង១០ នាក់ ជិះម៉ូតូ ៥គ្រឿង មកពីក្រោយហើយបានធ្វើកម្មភាពជិះស្ទាក់ពីមុខហើយដកដាវដេញកាប់តែម្ដង ធ្វើឲ្យពួកគេទាំងបីនាក់ភ័យស្លន់ស្លោផ្តួលម៉ូតូរត់យករួចខ្លួនសិន បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបាននាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕