
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ក្នុងល្បឿនលឿនជ្រុលទៅបុកទ្វារ រួចរថយន្ដមិនទាន់អស់ល្បឿនក៏បន្តទៅបុកទម្លុះរបងផ្ទះពលរដ្ឋរងការខូចខាតបាក់អស់ជាច្រើនកង់ សំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង១ៈ១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវសាលាជាស៊ីម ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខកណ្តាល 2A-8766 ធ្វើដំណើតាមបណ្ដោយផ្លូវសាលាជាស៊ីម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនប្រហែលជាស្រវឹងស្រាខ្លាំង។
លុះមកដល់កន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុកទ្វារបាក់ពេលនោះរថយន្ដនៅមិនទាន់អស់តល្បឿនក៏បន្ត ទៅបុកទម្លុះរបងផ្ទះបណ្តាលឲ្យបាក់របងអស់ជាច្រើនកង់ រីឯរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុភ្លាមៗ ។

ក្រោយកើតហេតុដោយសារភាគីទាំង០២សម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ក៏ចុះមកពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕