
ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានប្រព្រឹត្តអំពើហិង្សា ដោយយកកាំបិតកាប់ទៅលើបុរសម្នាក់ទៀតជាអ្នកជិតខាងនិងគ្នាចំនួន០២ផ្គាក់ បណ្តាលឱ្យរបួសធ្ងន់ ។
ប្រតិបត្តិការចុះឃាត់ខ្លួនជនដៃដល់ខាងលើធ្វើឡើងកាលពី វេលាម៉ោង១២ៈ៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលេខ២២៣ ផ្លូវជាតិលេខ៥ ក្រុមទី៣ នៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ ជី ទូច ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅ ផ្ទះលេខ២២១E ក្បែរកន្លែងកើតហេតុ ខាងលើ។
ចំណែកជនរងគ្រោះមានឈ្មោះ សៀ ផានិត ភេទប្រុស អាយុ ២០ឆ្នាំ ជាងកាត់សក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានទីលំនៅ ភូមិគោហេ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានរងរបួស រយះប្រអប់ដៃធ្ងន់ធ្ងរ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេជនដៃដល់នាំគ្នាផឹកស្រាស្រវឹង ហើយបានផ្ទុះកំហឹងខឹងនឹងជនរងគ្រោះដែលបាន និយាយឌឺដងកន្លងមក ជនសង្ស័យក៏បានស្ទុះទៅយក កាំបិតផ្គាក់ មកកាប់ទៅលើ ជនរងគ្រោះចំនួន០២កាំបិតផ្គាក់ ចំប្រអប់ដៃស្តាំនិងឆ្វេង របួសធ្ងន់។
ខណៈពេលនោះចំពេលដែលកម្លាំងនគរបាលមូលដ្ឋានកំពុងជិះល្បាត ក៏បានអន្តរាគមន៍ភ្លាម ហើយបានឃាត់ខ្លួនជនដៃដល់ និងដកហូតបានកាំបិតផ្គាក់ចំនួន០១ រួចក៏បញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕