ព្រះសីហនុ ៖ សមត្ថកិច្ចកំពុងតាមរកចាប់ជនសង្ស័យម្នាក់ជាប្តីបានប្រើអំពើហឹង្សា យកដំបងវាយលើភរិយារបស់ខ្លួនដែរកំពុងមានផ្ទៃពោះ បណ្តាលឲ្យ រលូតកូនក្នុងផ្ទៃនិងបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ហេតុការណ៍ហិង្សាខាងលើកើតឡើងកាលពីម៉ោងជាង៩យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ែម ចិន្តា អាយុ ៣៧ ឆ្នាំ មុខរបរជាកម្មករដុតធ្យូង ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ វុន វ៉ាន់ អាយុ ៣៦ឆ្នាំ ស់នៅក្នុងផ្ទះជាមួយគ្នា ។
ប្រភពពីអ្នកជិតខាងបានបញ្ជាក់ថា គ្រួសារខាងលើនេះមានកូនតូចនៅក្នុងផ្ទះចំនួន០៥នាក់ទៀត អាយុពី១៥ឆ្នាំចុះក្រោម ប្រុស៣នាក់ ស្រី២នាក់ ក្លាយទៅជាកូនកំព្រា និងជួបការលំបាក ដោយសារតែជនរងគ្រោះជាម្តាយបានស្លាប់ ហើយបុរសជាឪពុកកំពុងរត់គេចខ្លួនចេញពីផ្ទះ៕