
បន្ទាយមានជ័យ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោង១០:00ព្រឹក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឺមយ៉ាន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងគរុនិវេសនដ្ឋាន វត្តប្រាសាទស្រះកណ្តាល (វត្តខ្ចាស់) ឃុំវាលស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះមេគណខេត្តទំាងពីរគណៈ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រទេសកម្ពុជា បានបំផ្លាញទាំងស្រុង។ ប៉ុន្តែចាប់ពីថ្ងៃ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យសាសនា និងជំនឿផ្សេងៗ។ ព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ និងបានបើកទូលាយដល់គ្រប់សាសនាទាំងអស់តាមជំនឿរៀងៗខ្លួន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីជោគជ័យនៃយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅកម្ពុជា និងបើកឲ្យដំណើរការប្រទេសឡើងវិញ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថាព្រះពុទ្ធសាសនាពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលក្នុងការកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរព សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គម តាមរយៈការផ្សព្វផ្សាយព្រះធម៌ឱវាទរបស់ ព្រះសម្មាសម្ពុធ ការអប់រំផ្លូវចិត្ត ការលើកកម្ពស់សីលធម៌រស់នៅប្រជាជនគ្រប់រូប និងការអប់រំ អំពីគ្រោះថ្នាក់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀនជាដើម។
ឯកឧត្តម ឧបនាយកររដ្ឋមន្រ្តីសង្កត់ធ្ងន់ថា សមិទ្ធិផលជាប្រវត្តិសាស្រ្តទាំងអស់នេះ គឺកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈកម្មវិធីនយោបាយដ៏ច្បាស់លាស់ និងកំណែទម្រង់ស៊ីជម្រៅ ដើម្បីកំណើន សមធម៌ និងការងារ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព មានជំហរនយោបាយហ្នឹងហ្នរកុំចាញ់កលក្រុមអគតិដែលបន្តញុញ៉ងបង្កចលាចល និងបំផ្លាញសន្តិភាព ត្រូវរួមគ្នា លើកតម្កើនវិស័យជំនឿ និងគ្រប់សាសនានានា បន្តមើលថែមនុស្សចាស់ បន្តផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរថែមទៀត និងរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រូវចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ខាងមុខនេះ។