
ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនក៏រេចង្កូតទៅបុករះដើមឈើ កន្លែងលក់បន្លែនិងលក់បាយ បណ្តាលឲ្យជះទឹកស៊ុបទៅលើក្មេងប្រុសម្នាក់ រងរបួស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ និងអ្នករួមដំណើរជានារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2V-6686 ធ្វើដំណើរលើផ្លូវព្រះមុនីរ៉េតទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។
លុះមកដល់មកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុករះដើមឈើមួយដើម រួចបន្តទៅបុកកន្លែងលក់បន្លែ និងកន្លែងលក់គុយទាវថែមទៀត ធ្វើឲ្យរងការខូចខាតសម្ភារៈលក់ដូរ រាយប៉ាយពេញផ្លូវ ហើយបានបណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសដោយសារតែរលាកទឹកស៊ុបដែលបានប៉ះទង្គិចនោះ។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ទីតាំងកន្លែងកើតហេតុនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងរួចនាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕