
ភ្នំពេញ ៖ មនុស្ស០៣នាក់ រងរបួសធ្ងនស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តសេរីទំនើប០២គ្រឿងបុកគ្នាពេញទំហឹង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ១១ៈ១០នាទីយប់ ថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ ២០២២ នៅក្បែស្តុបបុរីអង្គរភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវ បុរីអង្គរភ្នំពេញ កែងនិងផ្លូវ ១៨០០ ក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់បើករថយន្តមួគ្រឿងម៉ាក តូយ៉ូតា រ៉ូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-0126 ធ្វើដំណើតាមបណ្ដោយ ផ្លូវ បុរីអង្គរភ្នំពេញទិសដៅលិចទៅកើតក្នុងល្បឿនលឿន។
ស្របពេលគ្នានោះដែរស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2Q-2168បើកបរដោយបុរសម្នាក់ និងនិងអ្នករួមដំណើពីរនាក់ ជិះតាមបណ្ដោយ ផ្លូវ ១៨០០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា ។
លុះពេលមកដល់កន្លែងកើតហេតុរថយន្តទាំង០២គ្រឿងបានបុកគ្នាពេញទំហឹង ធ្វើឲ្យរថយន្ត ឡង់គ្រីស័រដែលមិនទាន់អស់ល្បឿនក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរទាំង បី នាក់ រងរបួសស្រាល ចំណែករថយន្តតូយ៉ូតារ៉ូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយបានមកដឹកយកជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះភ្លាមៗ។
ចំណែកឯរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕