
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានយកកូនកាំបិតចុងស្រួចចាក់ឪពុកបង្កើតចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសបញ្ជួនទៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ លុះពេលគាត់ចេញពីពេទ្យត្រឡប់មកដល់ផ្ទះវិញ ជនសង្ស័យរូបនោះ បានយកដាវមកគំរាមកំហែងកាប់ថែមទៀត ទ្រាំនឹងទង្វើរបស់កូនលែងបាន ជនរងគ្រោះជាឪពុកដាក់ពាក្យបណ្តឹងឱ្យប៉ូលិសឃាត់ខ្លួនតែម្ដង ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពី ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យជាកូនខាងលើមានឈ្មោះ យឿន បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាឪពុកបង្កើតមានឈ្មោះ ជា យឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង ១១យប់ ជនសង្ស័យ បានផឹកស្រាបៀរជាមួយឈ្មោះ ស្វិត សាវ៉េត ត្រូវជាបងថ្លៃ រួចក៏បានទាស់ពាក្យសម្ដីគ្នា នៅខណៈនោះ ជនសង្ស័យ យឿន បារាំង បានស្ទុះចូលទៅក្នុងផ្ទះ យកដាវរកមកកាប់បងថ្លៃមានឈ្មោះ ស្វិត សាវ៉េត ឃើញដូច្នេះ ជនរងគ្រោះដែលត្រូវជាឪពុក ក៏បានចូលមកឃាត់ និងយកដាវពីជនសង្ស័យទៅទុក ។ បន្ទាប់មកជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះម្ដងទៀតយកកូនកាំបិតបម្រុងចាក់ឈ្មោះ ស្វិត សាវ៉េត ភ្លាមនោះជនរងគ្រោះជាឪពុកក៏បន្តចូលទៅឃាត់ តែត្រូវជនសង្ស័យ យឿន បារាំង យកកូនកាំបិតនោះចាក់ចំកំភួនដៃខាងឆ្វេង បណ្ដាលឱ្យរងរបួស រួចក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
សមត្ថកិច្ចបានបន្តថា លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះឈ្មោះ ជា យឿន បានត្រឡប់ពីមន្ទីរពេទ្យវិញមកដល់ផ្ទះ ស្រាប់តែជនសង្ស័យជាកូន (យឿន បារាំង) បានយកដាវមកគំរាមបន្ថែមទៀត ដោយទ្រាំនឹងទង្វើរបស់កូនលែងបាន បុរសជាឪពុក ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឱ្យជួយធ្វើអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ យឿន បារាំង ភ្លាមៗយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ក្រោយក់ើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕