
ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត បានបញ្ចប់ការសិក្សាដោយជោគជ័យនៅមហាវិទ្យាល័យទស្សនវិជ្ជា Harvard Divinity School ដោយទទួលបាន«សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ»ពីសាកលវិទ្យាល័យ Harvard កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ ហៅកាត់ថាAKP បានចេញផ្សាយដំណឹងដ៏គួរឱ្យស្ញប់ស្ញែងនេះ។
AKP បានរំលឹកថាកាលអំឡុងដើមនិទាឃៈរដូវក្នុងឆ្នាំ២០១៦ សាកលវិទ្យាល័យ Harvard បានសម្រេចផ្ដល់អាហាររូបករណ៍រយៈពេល៥ឆ្នាំសម្រាប់កម្រិតសិក្សា«ថ្នាក់ក្រោយបណ្ឌិត_Postdoc»(Postdoctoral Research Fellowship) លើប្រធានបទ «មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាងនិងថែរក្សាសន្តិភាព។
បើតាមប្រភដដែល នេះជាលើកទី១ហើយដែលសាកលវិទ្យាល័យ Harvard បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញវន្តសង្ឃពុទ្ធសាសនាថេរវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យឡើងនៅក្នុងឆ្នាំ១៦៣៦មក ខណៈព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត គឺជាព្រះសង្ឃខ្មែរដែលបានបញ្ចប់ការសិក្សាថ្នាក់កំពូលមួយនេះ។
ជុំវិញដំណឹងដ៏គួរឱ្យអបអរសាទរនេះ លោក ប្រាក់ សម្ជស្ស និងលោក ព្រើន សុវង្ស ដែលជាបញ្ញវន្តស្និតនឹងព្រះព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត បានរួមគ្នាសរសេរអត្ថបទមួយបង្ហោះលើបណ្ដាញហ្វេសប៊ុកមានចំណងជើងថា «គុណតម្លៃដ៏មហិមានៃបញ្ញវន្តសង្ឃខ្មែរ ដើម្បីបុព្វហេតុជាតិនិងសាសនា» ( (5) Facebook )។ សូមដកស្រង់យកខ្លឹមសារនៃអត្ថបទដ៏មានសារៈសំខាន់នេះដូចខាងក្រោម។

តាំងតែពីអតីតកាលរហូតមកទល់នឹងបច្ចុប្បន្នកាលនេះ ព្រះសង្ឃនៅតែដើរតួនាទីសំខាន់នៅឡើយនៅក្នុងសង្គមកម្ពុជា ថ្វីត្បិតតែថា យើងខកខានឃើញព្រះវត្តមានព្រះសង្ឃនៅចន្លោះឆ្នំា១៩៧៥ ដល់ឆ្នំា១៩៧៩ ក្តីប៉ុន្តែ ក្រោយឆ្នំា១៩៧៩ ព្រះវត្តមានរបស់ព្រះសង្ឃខ្មែរយើងបានលេចចេញឡើងបន្តទៀត ដែលជាការផ្តល់ក្តីសង្ឃឹមដល់ពុទ្ធបរិសទ័មួយផ្នែកមិនមែនត្រឹមតែលំនឹងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែតួនាទីព្រះសង្ឃខ្មែរបានរួមចំណែកជាវិភាគទានយ៉ាងសំខាន់ដល់កិច្ចការសង្គម មនុស្សធម៌ និងកិច្ចការជួយសង្គ្រោះរាប់មិនអស់ រហូតមកទល់នឹងបច្ចុប្បន្ន ដែលមានន័យថា ព្រះសង្ឃតែងតែស្ថិតនៅក្បែរ ប្រជាពលរដ្ឋខ្មែរជាដរាបទោះក្នុងកាលៈទេសៈណាក៏ដោយ។
ការរួមចំណែកវិភាគទានរបស់ព្រះសង្ឃខ្មែរទៅកាន់សង្គម
បើនិយាយអំពីសីលធម៌សង្គមវិញ ព្រះសង្ឃបានក្លាយទៅជានិមិត្តរូបផ្នែកសីលធម៌សង្គមដែលមិនអាចមើលរំលងបានឡើយ ដោយព្រះអង្គបានប្រតិបត្តិសីលគុណ និងដឹកនំាប្រជាបរិស័ទក្នុងក្របខណ្ឌសីលធម៌សម្រាប់ដំណើរជីវិតប្រចំាថ្ងៃ ដែលនោះគឺជាតម្លៃស្នូលមួយរបស់ព្រះសង្ឃដែលយើងមិនអាចមើលរំលងបានឡើយ។ ការអភិវឌ្ឍជាតិមិនមែនត្រឹមតែសម្ភារៈមួយមុខប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យមានសីលធម៌ជាចំាបាច់ដើម្បីលំអជីវិតក្នុងឋានៈជាប្រទេសអ្នកកាន់ពុទ្ធសាសនា។
ព្រោះថា ដើម្បីអភិវឌ្ឍជាតិមួយឆ្ពោះទៅមុខបាន លុះត្រាណាតែមនុស្សនៅក្នុងសង្គមជាតិនោះមានតម្រិះវិជ្ជាខ្ពង់ខ្ពស់រាប់ទំាងចំណេះវិជ្ជាផ្នែកបច្ចេកទេស វិទ្យាសាស្រ្ត សីលធម៌ ជំនាញវិជ្ជាជីវៈប្រកបដោយស្មារតីមនសិការរួមទំាងតម្កល់ផលប្រយោជន៍ជាតិជាធំជាងអ្វីៗទំាងអស់ ជារួមគឺវិជ្ជាផ្លូវលោក ផ្លូវធម៌ទំាងពីរនេះ ដូចជាជើងរបស់យើងទំាងពីរដែរ ទើបយើងអាចដើរបានវែងឆ្ងាយ បើមិនអញ្ចឹងទេមិនអាចដើរនៅលើផ្លូវបានឆ្ងាយឡើយ។
ផ្អែកតាមគោលគំនិតរបស់ព្រះពុទ្ធសាសនាបានបង្រៀនយើងថា អវិជ្ជា (ភាពល្ងង់ខ្លៅ) គឺជាសត្រូវលេខមួយចំពោះការអភិវឌ្ឍគ្រប់ទម្រង់ទំាងអស់ រាប់បញ្ចូលទំាង កាយាភិវឌ្ឍន៍ និងចិត្តាភិវឌ្ឍន៍ ។ ដោយឡែកកាយាភិវឌ្ឍន៍ ពោលគឺហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបានដល់់ផ្នែកវិទ្យាសាស្រ្តជារូបីមានការជឿនលឿនផ្នែកសេដ្ឋកិច្ចជាតិជាដើម ដែលក្នុងនោះវិជ្ជាបានដើរតួនាទីសំខាន់ដែលគេមិនអាចមើលរំលងបានឡើយ ដូច្នេះទស្សនវិជ្ជាព្រះពុទ្ធសាសនាបានឱ្យតម្លៃខ្ពស់ទៅលើចំណេះវិជ្ជារបស់មនុស្សនេះឯង ។ រីឯចិត្តាភិវឌ្ឍន៍វិញ ក៏ជារឿងសំខាន់ណាស់ដែរ ព្រោះថាអ្វីៗក៏ដោយដែលចេញជាផ្លែផ្ការូបរាង យើងអាចមើលឃើញបាន គឺផ្តើមចេញពីចិត្ត ដោយហេតុផលនេះហើយបានជាព្រះពុទ្ធសាសនាតម្រូវឱ្យមានការអប់រំចិត្តជាចម្បងជាងអ្វីៗទំាងអស់ ព្រោះថា ចិត្តជាប្រធាននៃគ្រប់់ទង្វើទំាងអស់។
នៅពេលដែលសង្គមណាមួយឱ្យតម្លៃទៅលើបញ្ញវន្ត (មនុស្សមានចំណេះដឹងជ្រៅជ្រះ) ក្នុងផ្នែកណាមួយ ទំាងបុគ្គលខ្លួនឯង សង្គមគ្រួសាររហូតដល់សង្គមជាតិប្រាកដណាស់ថា នឹងអាចមានវុឌ្ឍិធម៌(ការធ្វើឱ្យរីកចម្រើន)ឆ្ពោះទៅមុខជាលំដាប់ដូចជាអរិយប្រទេសនានាទូទំាងក្នុងលោកដែរ ព្រោះថាប្រទេសទំាងអស់នោះអភិវឌ្ឍទៅបានក៏ដោយសារតែមានមូលធនបញ្ញាញណរបស់មនុស្សនៅក្នុងសង្គមនោះៗ រួមចំណែកពូនជ្រុំពូតផ្តុំគ្នាឡើងជាធ្លុងមួយទើបទ្រោលសង្គមមួយឆ្ពោះទៅកាន់វឌ្ឍនភាពជាតិឱ្យដើទៅមុខបាន។
ពាក់ពន្ធ័នឹងការជួយជាតិមាតុភូមិនេះដែរ ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជជាពហុស្សូតជាន់ខ្ពស់លើវិស័យទស្សនវិជ្ជាពុទ្ធសាសនាមានព្រះមហាថេរដីកាថា “គេមិនអាចជួយសង្គ្រោះជាតិដោយមិនមានការអភិវឌ្ឍខ្លួនឯងឈានដល់ចំណុចកំពូលជាមុនសិននោះបានទេ បើមិនអញ្ចឹងមិនខុសពីការដើរក្នុងព្រៃវង្វេងទិស ដោយមិនដឹងថាត្រូវចាប់ផ្តើមពីជ្រុងណាឡើយ”។
ការលើកឡើងរបស់ព្រះមហាថេរអង្គនេះ មិនខុសពីគតិខ្មែរមួយចំនួនបានលើកឡើងដែរថា ដើម្បីជួយអ្នកលង់ទឹកបាន លុះត្រាណាតែអ្នកជួយនោះចេះហែលទឹក និងដឹងអំពីវិធីសាស្រ្តជួយអ្នកលង់ទឹកតាមលក្ខណៈបច្ចេកទេស ពុំនោះសោតទេគេអាចនឹងលង់ទឹកស្លាប់ទំាងអស់គ្នាជាក់ជាមិនខានឡើយ។ ចំណុចនេះក៏មិនខុសគ្នាទៅនឹងចរន្តសង្គម និងមនុស្សនៅក្នុងសង្គមដែរ។
ចំពោះដំណើរវិវត្តរបស់សង្គមមនុស្សវិញ គេត្រូវការធាតុពីរសំខាន់ដែលមិនអាចមើលរំលងបាន ក្នុងនោះមានកាយាភិវឌ្ឍន៍ និងចិត្តាភិវឌ្ឍន៍ត្រូវតែដើរទន្ទឹមគ្នាទើបមនុស្សដែលរស់នៅក្នុងសង្គមបានទទួលផលប្រកបដោយចិរភាព បើមិនអញ្ចឹងទេមិនខុសពីមនុស្សមានជើងតែម្ខាងគេមិនអាចដើរបានឆ្ងាយ ដូចជាមនុស្សមានកាយសម្បទាបរិបូណ៌ឡើយ។
ចំពោះព្រះពុទ្ធសាសនាបែបថេរវាទវិញ ព្រះបណ្ឌិតរដ្ឋ គឺជាព្រះសង្ឃខ្មែរទី១ដែលត្រូវបានសាកលវិទ្យាល័យហាវឺដ (Harvard) ផ្តល់អាហារូបករណ៍ដើម្បីសិក្សាកម្រិតថ្នាក់ក្រោយបណ្ឌិត Post Doctoral Research Fellowship លើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនចាប់តាំងពីសាកលវិទ្យាល័យបានបង្កើតក្នុងឆ្នាំ១៦៣៦។
ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត សូមអរគុណចំពោះសាកលវិទ្យាល័យHaravrdដែលបានផ្ដល់អាហារូបករណ៍ដល់ព្រះអង្គៗក៏សូមថ្លែងអំណរគុណដល់ឧបត្ថម្ភកជនជាច្រើនដែលជាព្រះសង្ឃនិងជាគ្រហស្តទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែងដល់ព្រះអង្គ រួមមានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសគឺឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ផងដែរ ។
ភាពជោគជ័យរបស់ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត មិនមែនសម្រាប់តែព្រះអង្គមួយអង្គឯងទេ តែវាជាមោទនភាពជាតិខ្មែររបស់យើងទាំងមូល ដែលមានពលរដ្ឋរបស់ខ្លួនបានទទួលការអប់រំកម្រិតខ្ពស់បំផុតពីសាកលវិទ្យាល័យដ៏ល្បីរបស់ពិភពលោក ជាពិសេសជាងហ្នឹងទៅទៀតនោះ គឺសម្រាប់ព្រះពុទ្ឋសាសនានៅក្នុងកម្ពុជា ដែលនិងទទួលបាននូវពហុស្សូត(បញ្ញវន្តសង្ឃ)ដែលជាមូលធនមនុស្សដ៏កម្រនៅក្នុងការបម្រើវិស័យពុទ្ឋសាសនានិងសង្គមជាតិតទៅថ្ងៃអនាគត។
អ្វីដែលសំខាន់នោះ ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត បានបង្ហាញនូវវីរភាពជាគំរូមួយដល់ព្រះសង្ឃកម្ពុជា ការកំណត់គោលដៅជាក់លាក់ក្នុងការធ្វើអ្វីមួយអាចនឹងសម្រេចបាន លុះត្រាណាតែប្រកបដោយឥទ្ធិបាទធម៌ក្នុងនោះរួមមាន វីរិយភាពមុតស្រួចផងដែរ។ ការរួមចំណែកជួយសង្គមជាតិ រមែងសង្គមជាតិជួយវិញ។
សូមបញ្ជាក់ថា ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត បានបញ្ចប់ការសិក្សា និងទទួលបាន«សក្ខីបត្របណ្ឌិតរដ្ឋ»ពីសាកលវិទ្យាល័យHarvard ក៏អាស្រ័យដោយមានការជួយជ្រែងពីឥស្សរបុគ្គលសំខាន់ៗមួយចំនួនដែរ ដូចជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជាពិសេសគឺញោមប្រុស ចក់ យ៉ន និង ញោមស្រី ព្រំ លឿត របស់ព្រះអង្គផ្ទាល់ បន្ថែមលើសាកលវិទ្យាល័យHarvard ដែលបានផ្ដល់អាហារូបករណ៍ដល់ព្រះអង្គ៕
ប្រភព សារព័ត៌មានត្រយង។