
ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តកុងតឺន័រទំនងជាងងុយក៏ងោកហើយបានជ្រុលចង្កូតទៅបុកនិងរថយន្តយីឌុបពីក្រោយយ៉ាងពេញទំហឹងដែលកំពុងឈប់នៅចិញ្ចើមផ្លូវរួចរុញទៅបុកទ្វាផ្ទះប្រជាពលរដ្ឋបន្តទៀតរងការខូចខាត ហេតុការណ៍នេះបណ្ដាលឲ្យមនុស្សចំនួន ០៣នាក់រងរបួសធ្ងន់និងស្រាល ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៣:២០ទាបភ្លឺនៅថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២២ នៅត្រង់កំណាតផ្លូវបេតុងលូប្រាំ ភូមិដំណាក់ធំ ៣សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខកណ្ដាល 3A-1123 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង៊។
លុះមកដល់កន្លែងកើតហេតុ ក៏បានឈប់អែបនឹងចិញ្ចើមផ្លូវ ស្រាប់តែពេលនោះមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ក្បាលពណ៌ត្រួយចេកពាក់ផ្លាកលេខភ្នំពេញ3B-3790 បើកបរដោយបុរសម្នាក់រួមដំណើជាមួយនិងព្រូម្នាក់ទៀត បើកបររថយន្តនៅក្នុងល្បឿនលឿន ដែលធ្វើដំណើរស្របទិសគ្នា ទំនងជាអ្នកបើកបររថយន្តកុងតឺន័រងងុយក៏ងោកជ្រុលទៅបុកនិងរថយន្តយីឌុបដែលកំពុងឈប់នៅចិញ្ចើមផ្លូវពីក្រោយទំហឹង បណ្តាលរថយន្តកុងតឺន័ររួញមួយកំណាតមុខ និងរថយន្តយីឌុប ក៏បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដែលធ្វើឲ្យរងការខូចខាត ដែលបណ្ដាលឲ្យមនុស្ស០៣ នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តឯកជនដឹកយកទៅមន្ទីពេទ្យជួយសង្រ្គោះភ្លាមៗ។
បន្ទាប់ពីកើតហេតុរួច គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងដលកន្លែងកើតហេតុនិងបានយករថយន្តទាំង២គ្រឿងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកនិងរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕