
ភ្នំពេញ ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះប្រតិបត្តិការបង្ក្រាបក្មេងស្ទាវមួយក្រុមឃាត់ខ្លួនបានចំនួន ៧៣នាក់ ស្រី ២នាក់ និងដកហូតបានម៉ូតូ ២៨គ្រឿង កាំបិតប័ុងតោ ដាវ ចំពាមកៅស៊ូជាច្រើនដើមនៅពេលដែរពួកគេកំពុងប្រផ្តុំគ្នា។
ប្រតិបត្តិការខាងលើនេះធ្វើឡើង នៅវេលាម៉ោង ១២ៈ១០ រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ខែឧសភា ឆ្នាំ២០២២ នៅមុខដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ ១៩៦៦ កែងនឹងផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានភ្លាម សមត្ថកិច្ចបានធ្វើការរុករកនៅក្នុងដីព្រៃឡូត៍ខាងលើនោះ ក៏បានប្រទះឃើញកាំបិតប័ុងតោ ដាវ និងជំពាមកៅស៊ូជាច្រើនដើម ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតទុកជាវត្ថុតាង។
ប្រភពដដែលបានបន្តទៀតថា មុននឹងចុះបង្ក្រាបក្មេងស្ទាវខាងលើនេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងស្ទាវខាងលើកំពុងតែប្រមូលផ្ដុំគ្នា ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ខ្លួនភ្លាមតែម្តង។
បច្ចុប្បន្នក្មេងស្ទាវទាំង ៧៣ នាក់ ម៉ូតូ ២៨គ្រឿង រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕